2 Corinthians 3

1តើយើង​ចាប់ផ្ដើម​លើក​តម្កើងខ្លួនទៀត​ហើយ​ឬ? ​មួយ​យើង​ត្រូវការសំបុត្រណែនាំខ្លួនបង្ហាញអ្នករាល់គ្នាពីអ្នករាល់គ្នា​ដូច​ជា​អ្នក​ខ្លះ​ដែរ​ឬ? 2អ្នករាល់គ្នាទេ​តើ​ជាសំបុត្រ​របស់​យើង​ដែល​បាន​កត់ត្រាទុកនៅក្នុងចិត្ដ​របស់​យើង​ដែល​មនុស្សទាំងអស់​បាន​អាន​និង​បាន​ដឹង​គ្រប់គ្នា 3ទាំងបង្ហាញ​ឲ្យ​ឃើញថាអ្នករាល់គ្នាជាសំបុត្រ​របស់​ព្រះ​គ្រិស្ដ​ដែល​យើងបានសរសេរ​គឺ​មិន​បាន​សរសេរ​នឹង​ទឹកខ្មៅទេប៉ុន្តែ​នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ហើយ​មិន​មែន​នៅលើបន្ទះថ្មទេគឺនៅក្នុងចិត្ដខាង​សាច់​ឈាមវិញ 4ហើយយើង​មាន​ការ​ទុកចិត្ដបែបនេះចំពោះព្រះជាម្ចាស់ដោយសារ​ព្រះ​គ្រិស្ដ 5មិនមែន​ថា​យើង​មានសមត្ថភាពផ្ទាល់ខ្លួន​ដើម្បី​ចាត់ទុក​ថា​អ្វីមួយ​មក​ពីខ្លួនយើងទេព្រោះសមត្ថភាព​របស់​យើង​មក​ពីព្រះជាម្ចាស់ 6ព្រះអង្គក៏បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើកិច្ចព្រមព្រៀងថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរទេប៉ុន្ដែ​ដោយ​ព្រះ​វិញ្ញាណវិញដ្បិតអក្សរសម្លាប់ប៉ុន្ដែ​ព្រះ​វិញ្ញាណផ្ដល់ជីវិត 7បើអក្សរចារឹកលើថ្ម​ដែល​ជា​មុខងារ​បម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូត​ធ្វើ​ឲ្យ​កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខ​លោក​ម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខ​របស់​គាត់​ដែល​នឹង​សាបសូន្យ​ទៅ 8ចុះទម្រាំ​បើ​មុខងារ​បម្រើ​ព្រះ​វិញ្ញាណ​វិញ​នឹង​មានសិរីរុងរឿងលើស​ជាង​យ៉ាងណាទៀត 9បើមុខងារ​បម្រើ​ការ​ផ្ដន្ទាទោស​មាន​សិរីរុងរឿង​នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរីរុងរឿង​កាន់តែ​ច្រើន​ជាង​ទៅ​ទៀត 10ដោយព្រោះតែ​សិរីរុងរឿង​ដ៏​លើសលុប​នៅពេល​នេះ​នោះ​អ្វីដែល​ធ្លាប់​មានសិរីរុងរឿងគ្មានសិរីរុងរឿង​ទៀត​ទេ 11ហើយបើអ្វីដែល​នឹង​បាត់ទៅមានសិរីរុងរឿង​នោះ​អ្វីដែលនៅស្ថិតស្ថេរ​នឹង​មានសិរីរុងរឿង​លើសជាង​ទៅ​ទៀត។ 12ដូច្នេះដោយ​មានសង្ឃឹមបែបនេះហើយ​ទើប​យើង​និយាយ​ដោយ​ក្លាហាន 13មិនមែនដូច​លោក​ម៉ូសេ​ដែល​បាំងស្បៃមុខ​របស់​ខ្លួនដើម្បីកុំ​ឲ្យ​កូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃ​អ្វី​មួយ​ដែល​នឹង​សាបសូន្យ​ទៅ 14ប៉ុន្ដែគំនិត​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូសដ្បិត​ពេល​អានកិច្ចព្រមព្រៀងចាស់ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះមិន​ទាន់​ដោះចេញ​នៅ​ឡើយ​ទេព្រោះ​វា​នឹង​ត្រូវ​ដោះចេញនៅក្នុង​ព្រះ​គ្រិស្ដ 15រហូតដល់សព្វ​ថ្ងៃ​នេះពេលណា​ក៏​ដោយ​ដែល​ពួកគេ​អាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នោះ​មាន​ស្បៃបាំងចិត្ដ​របស់​ពួកគេ 16ប៉ុន្ដែស្បៃ​នោះ​ត្រូវ​បាន​ដោះចេញពេលណាដែល​ពួកគេ​បែរមករកព្រះអម្ចាស់ 17រីឯព្រះអម្ចាស់ជា​ព្រះ​វិញ្ញាណហើយកន្លែងណា​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​កន្លែង​នោះ​មាន​សេរីភាព 18ដូច្នេះយើងទាំងអស់គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញសិរីរុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំងមុខ​យើង​ត្រូវ​បាន​ផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿង​ឲ្យ​មាន​រូបរាងដូច​ព្រះអង្គ​នេះ​គឺ​មកពីព្រះអម្ចាស់​ដ៏​ជា​ព្រះ​វិញ្ញាណ
Copyright information for KhmKCB